សេចក្តីរាយការណ៍ពីខេត្តកំពង់ចាមបានឲ្យដឹងថា គ្រឿងអេឡិចត្រូនិកជជុះ ចំនួន ៣ កុងតឺន័រ ដែលមានទម្ងន់ប្រមាណ ៤២ តោន ត្រូវបាននាំចូលពីចិនហុងកុង តាមច្រកអន្តរជាតិ ត្រពាំងផ្លុង នៃខេត្តកំពង់ចាម ដោយដឹកឆ្លងកាត់ស្រុកយួន យកមករក្សាទុកនៅចំណុច បេនឡានមួយកន្លែង ក្នុងឃុំត្រពាំងផ្លុង ស្រុកពញាក្រែក។ ប្រជាពលរដ្ឋមួយចំនួន ដែលបានមើលឃើញ កុងតឺន័រថ្មីៗចំនួន ៣ ដែលផ្ទុកគ្រឿងអេឡិចត្រូនិកជជុះនោះ បានលើកឡើងថា វាសុទ្ធសឹងជាគ្រឿង អេឡិចត្រូនិកដែល បាក់បែកកម្ទេចកម្ទី គ្មានគុណភាព ដូចជាអំពូលភ្លើង ទូរទស្សន៍ កុំព្យូទ័រ ត្រូវបានសមត្ថកិច្ចឃាត់ទុក កាលពីថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៣ ដោយយោងតាម បទបញ្ជារបស់លោក លន់ លឹមថៃ ជាអភិបាលខេត្តកំពង់ចាម។
គ្រឿងអេឡិចត្រូនិកជជុះទាំងនេះ ត្រូវបាននាំមកពីចិន ហុងកុង ដោយមានមេឈ្មួញចំនួន ២ នាក់ ជាអ្នកចេញមុខគឺឈ្មោះ វឌ្ឍ និងឈ្មោះ សុផល ដែលជាសាច់ញាតិ មន្ត្រីមានអំណាចនៅស្រុកខ្មែរ ហើយក្រោយពេលមានរឿង ចម្រូងចម្រាស គេសង្កេតឃើញឈ្មោះ សុផល និងឈ្មោះ វឌ្ឍ បានសុំមកដឹកកុងតឺន័រទាំង៣នេះ ចូលទៅស្រុកយួនវិញ ដើម្បីបង្វែរនាំចូល តាមច្រកអន្តរជាតិ បាវិត នៃខេត្តស្វាយរៀង ដែលនៅទីនោះ ទំនងជាឈ្មោះ សុផល និងឈ្មោះ វឌ្ឍ ទទួលបានភ្លើងខៀវ ពីមន្ត្រីពុករលួយមួយចំនួនប៉ន្តែលោក លន់ លឹមថៃ ជាអភិបាលខេត្តកំពង់ចាម មិនព្រម ដោយទាមទារ ឲ្យស៊ើបអង្កេតបញ្ហានេះ។
គេដឹងទៀតថា ឈ្មោះ វឌ្ឍ និងឈ្មោះ សុផល បាននាំចូលគ្រឿង អេឡិចត្រូនិកជជុះ សុទ្ធតែរបស់កម្ទេចកម្ទីបាក់បែក មិនខុសពីកាកសំណល់នោះទេ ប៉ុន្តែវាអាចមានការបង្កប់ ទំនិញអ្វីដែលពិសេស ព្រោះមិនមែនសុខៗឈ្មោះ វឌ្ឍ និងឈ្មោះ សុផល ហ៊ានចំណាយប្រាក់ ច្រើនសន្ធឹកសន្ធាប់ ដើម្បីរត់ការសម្របសម្រួល ជាមួយសមត្ថកិច្ចដែលគ្រប់គ្រង នៅច្រកអន្តរជាតិត្រពាំងផ្លុងនោះទេ ហើយការនាំចូលគ្រឿងអេឡិចត្រូនិកជជុះ របស់ឈ្មោះ វឌ្ឍ និងឈ្មោះ សុផល គឺធ្វើតាមរបៀបលោតឆ័ត្រ ពុំមានការបង់ពន្ធនាំចូលឲ្យបានត្រឹមត្រូវនោះទេ។ គេដាក់ការសង្ស័យថាលោក កើត ដារាស៊ី ប្រធានច្រកត្រពាំងផ្លុង និងលោក វ៉ូ វណ្ណា មេគយនៅទីនោះ ជាអ្នកឃុបឃិតបើកភ្លើងខៀវ ឲ្យឈ្មោះ វឌ្ឍ និងឈ្មោះ សុផល លួចនាំចូលគ្រឿងអេឡិចត្រូនិកជជុះ បំពានទៅលើបំរាមរបស់ ស្ថាប័នពាក់ព័ន្ធយ៉ាងគឃ្លើនបំផុត។
ដើម្បីបិទបាំងរឿងអាស្រូវដ៏ធំមួយនេះ គេសង្កេតឃើញឈ្មោះ វឌ្ឍ និងឈ្មោះ សុផល បានជួបជាមួយមន្ត្រីជំនាញ និងសមត្ថកិច្ចពាក់ព័ន្ធ ក្នុងខេត្តកំពង់ចាម ដោយលើកឡើងថា គ្រឿងអេឡិចត្រូនិកជជុះទាំងនោះ គឺជារបស់ឧកញ៉ានេះ ជារបស់លោកឧកញ៉ានោះ ហើយសុំបន្ធូរបន្ថយយកកុងតឺន័រ ចេញតាមច្រកត្រពាំងផ្លុង ដើម្បីនាំចូលតាមច្រកអន្តរជាតិបាវិតវិញ ប៉ុន្តែអភិបាលខេត្តកំពង់ចាមមិនព្រម។ នេះអាចគ្រាន់តែជាលេសមួយ ដែលធ្វើឲ្យគ្រាន់តែល្អមើលប៉ុណ្ណោះ ហើយវាមិនខុសពីករណី ដែលឈ្មួញខិលខូចលួចនាំចូល គ្រឿងអេឡិចត្រូនិកជជុះចំនួន ២ កុងតឺន័រ តាមច្រកទន្លេចាម កាលពីប៉ុន្មានខែមុននោះទេ គឺទីបំផុតគ្មានមន្ត្រីណាម្នាក់ ត្រូវបាននាំទៅផ្តន្ទាទោស ឬដាក់ពិន័យនោះទេ បើទោះបីជាការនាំចូលគ្រឿងអេឡិចត្រូនិកជជុះទាំ ងនោះបំពានច្បាប់ គ្មានការបង់ពន្ធក៏ដោយ៕
ដកស្រង់ពី : វាលឥន្រ្ទី