ជុំវិញភាពយឺតយ៉ាវនៅក្នុងការចេញក្រដាសប្រាក់នេះ រដ្ឋាភិបាលសហព័ន្ធបានប្រកាសថា ដោយសារតែចង់ធានាដល់សន្តិសុខ និងសុវត្ថិភាពលើការតាមដានផ្នែករូបិយប័ណ្ណ ធនាគារកណ្ដាលអាមេរិកបានសម្រេចចិត្តបង្កើតក្រដាសប្រាក់ថ្មី នេះឡើងនៅក្រោយពេលកំណត់ និងជាផ្នែកមួយដើម្បីសម្រួលដល់ការបោះពុម្ពផងដែរ។
ទីក្រុងវ៉ាស៊ីនតោនបានប្រើប្រាស់ពេល ១០ឆ្នាំចុងក្រោយដើម្បីឌីសាញក្រដាសប្រាក់ ១០០ ដុល្លារថ្មីខាងលើ បន្ទាប់ពីវាបានចរាចរនៅលើពិភពលោកអស់រយៈពេល ១០០ឆ្នាំកន្លងទៅនេះ ពោលគឺចាប់តាំងពីឆ្នាំ១៩១៤ មកម្ល៉េះ។ ការក្លែងបន្លំក្រដាសប្រាក់ គឺជាហានិភ័យចម្បងមួយក្នុងចំណោមបញ្ហាផ្សេងៗទៀត ដែលតម្រូវឲ្យរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន ប្រើគំរូថ្មីលើក្រដាសប្រាក់នៅពេលនេះ។
ក្រដាសប្រាក់ដ៏ពេញនិយមប្រើប្រាស់លំដាប់ទី ២បន្ទាប់ពីក្រដាស ១ដុល្លារខាងលើនេះ ត្រូវបានបោះពុម្ពចំនួន ៨,៦ពាន់លានសន្លឹកកាលពីឆ្នាំ២០១២ ហើយចាប់ពីថ្ងៃនេះតទៅ ក្រដាសប្រាក់ថ្មីនឹងត្រូវដាក់ឲ្យចរាចរជាផ្លូវការនៅជុំវិញ ពិភពលោក។ តាមរបាយការណ៍ធនាគារកណ្ដាលអាមេរិក បានឱ្យដឹងដែរថា កាលពីឆ្នាំកន្លងទៅ ក្រដាសប្រាក់ ១ដុល្លារ ត្រូវបានបោះពុម្ព ១០,៣ពាន់លានសន្លឹក ខណៈដែល ២០ដុល្លារ ត្រូវបានបោះពុម្ព ៧,៤ពាន់លានសន្លឹក៕
ដកស្រង់ពី : សប្បាយ