រាជធានីភ្នំពេញ៖
“ព្រះបិតាជាតិរបស់យើង មិនគ្រាន់តែជាព្រះបិតា
នៅក្នុងបច្ចុប្បន្ននេះទេ ផឹកទឹកនឹកដល់ប្រភពទឹក ទទួលទានផ្លែឈើ
នឹកដល់អ្នកដាំ ព្រះបិតាជាតិរបស់យើង ទ្រង់ជាព្រះបិតាជាតិ
ជារៀងរហូត សូមមេត្តារក្សាទុក ថ្ងៃ១៥
ខែតុលា ជារៀងរាល់ឆ្នាំ ដើម្បីបង្កើនឱកាសសម្រាប់ប្រជាពលរដ្ឋ
គោរពព្រះវិញ្ញាណក្ខន្ធព្រះបិតាជាតិ។ យើងជំនាន់នេះ
កំពុងតែត្រួសត្រាយផ្លូវ សម្រាប់អ្នកជំនាន់ក្រោយ សង្ឃឹមថា
អ្នកបន្តវេនរាប់សិបឆ្នាំ រាប់រយឆ្នាំតទៅទៀត នៅតែបន្តរក្សាថ្ងៃទី១៥
ខែតុលា ជារៀងរាល់ឆ្នាំ សម្រាប់ប្រជាពលរដ្ឋ
មកគោរពព្រះវិញ្ញាណក្ខន្តព្រះវររាជបិតាជាតិខ្មែរ”។
ខាងលើនេះ
ជាប្រសាសន៍របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
នាយករដ្ឋមន្ត្រីកម្ពុជា បានអំពាវនាវ និង
ធ្វើការផ្តាំផ្ញើទៅដល់អ្នកជំនាន់ក្រោយ នៅក្នុងសុន្ទរកថា
ថ្លែងនៅចំពោះព្រះភក្ត្រ ព្រះមហាក្សត្រ នរោត្តម សីហមុនី និងហ្លួងម៉ែ
នរោត្តម មុនិនាថ សីហនុ ក្នុងពិធីសម្ពោធវិមានព្រះបរមរូប សម្តេចព្រះ
នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ នាព្រឹកថ្ងៃ ទី១១ ខែ តុលា ឆ្នាំ២០១៣
ម្សិលមិញនេះ។
សូមបញ្ជាក់ថា
ពិធីសម្ពោធវិមានព្រះបរមបដិមានៃព្រះបរមរតនកោដ្ឋ
ត្រូវបានប្រារព្ធឡើង
ក្រោមព្រះរាជអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ព្រះករុណា
ជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី
ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងសម្តេចព្រះមហាក្សត្រី នរោត្តម
មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ
រួមជាមួយវត្តមានរបស់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធាន
រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ,សម្តេចអគ្គមហាសេនាបតី
តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា
និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្តេច
ព្រះអង្គម្ចាស់ ទ្រង់ លោកឧកញ៉ា អស់លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ និង
អន្តរជាតិ ព្រមទាំងមន្ត្រីរាជការយ៉ាងច្រើនកុះករផងដែរ។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សុខ អាន
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី
និងជាប្រធានអនុគណៈកម្មការព័ត៌មានផ្សព្វផ្សាយនិង សាងសង់ព្រះបរមរូប
ក្នុងព្រះរាជពិធីសម្ពោធវិមានព្រះបរមរូប ព្រះករុណា
ព្រះបរមរតនកោដ្ឋ បានធ្វើរបាយការណ៍
អំពីការសាងសង់វិមានព្រះបរមបដិមានៃព្រះបរមរតនកោដ្ឋឲ្យដឹងថា៖
វិមានព្រះបរមបដិមា ព្រះបរមរតនកោដ្ឋ ត្រូវបានបញ្ចុះបឋមសិលាសាងសង់
កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៣
ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ដោយឡែក
ការសាងសង់វិមាននិង ព្រះបរមបដិមា ចាប់ផ្តើមអនុវត្តពីថ្ងៃទី៧ ខែមីនា
ដល់ថ្ងៃទី៨ ខែតុលាឆ្នាំ២០១៣ មានរយៈពេល ៨ ខែ
ដោយក្រុមសិលានៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដោយមានសិល្បករ
វិចិត្រករ ស្មូនរូប និងអ្នកជំនាញខាងស្ថាបត្យកម្ម សរុបចំនួន ១១៧ នាក់
ចែកចេញជា៩ក្រុម និងចំណាយថវិកាសរុបចំនួន១.២២៩.៨២០ដុល្លាអាមេរិក។
វិមានព្រះបរមបដិមាត្រូវបានរចនា
តាមទម្រង់បុស្បុក មានកម្ពស់សរុប ២៧
ម៉ែត្រគិតពីប្លង់បាតខាងក្រោមដល់កំពូល។
រីឯតួព្រះបរមបដិមាធ្វើអំពីស្ពាន់មានកម្ពស់ ៤,៥ ម៉ែត្រ
ទ្រង់លើព្រះទែនមានកម្ពស់ ២,៧ម៉ែត្រ សាង
សង់នៅលើខឿនរាងចតុកោណកែងមានបណ្តោយ ៥៤ ម៉ែត្រ ទទឹង ២៧ ម៉ែត្រ កម្ពស់
០,៩ម៉ែត្រ។ ការរចនា វិមានព្រះបរមបដិមា ប្រកបដោយបុស្បុក និង
ព្រះបរមបដិមា ត្រូវបានកំណត់យកខ្នាតយ៉ាងវិសេសវិសាលមួយ
មានលេខបូកផ្គុំបញ្ចូលគ្នាបានជាលេខ៩
ដែលតំណាងឱ្យព្រះនព្វគុណទាំង៩ ឬនព្វលោកុត្តរធម៌ទាំង ៩ បានដល់៖
មគ្គ៤ ផល ៤ និងនិពា្វន១ តំណាងឱ្យមង្គលនៃផ្កាយនព្វគ្រោះទាំង៩
មាន៖ ចន្ទ អង្គារ ពុធ ព្រហស្បត្តិ៍ សុក្រ សៅរ៍ អាទិត្យ រាហុ កេតុ
និងតំណាងឱ្យនព្វរ័តន៍ទាំង៩ប្រការ មាន៖ មុក្តា បទុមរាគ បុស្សរាគ
ពេជ្រ មរកត ពិទូរ្យ ប្រពាល កណ្តៀង ផនិក។ វិមានព្រះបរមបដិមា
ព្រះបរមរតនកោដ្ឋ ប្រកបដោយក្បូរក្បាច់រចនាដ៏ល្អវិចិត្រនេះ
គឺជាស្នាដៃរបស់កូន
ខ្មែរជំនាន់នេះដែលសម្រេចបាននៅក្នុងរយៈពេលដ៏ខ្លី
ត្រូវបានសាងសង់ទៅតាមរចនាបថខ្មែរពិតៗ ៕
Home
»
ពត៌មានជាតិ
» សម្តេចហ៊ុន សែន៖រក្សាទុកថ្ងៃ១៥ តុលា ជាថ្ងៃគោរពព្រះវិញ្ញាណក្ខន្ធព្រះបិតាជាតិ