លោក រ៉ុង ឈុន ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ បានឲ្យដឹងនៅថ្ងៃទី១០ ខែតុលា ថា ទិវាគ្រូបង្រៀនពិភពលោក ត្រូវបានប្រទេសទូទៅនៅលើសកលលោកប្រារព្ធជារៀងរាល់ឆ្នាំ នៅថ្ងៃទី៥ ខែតុលា។ ប៉ុន្តែ នៅកម្ពុជា ត្រូវចំពេលមានពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ សមាគមក៏លើកពិធីនេះមករៀបចំនៅថ្ងៃទី១៣ ខែតុលា វិញ។
លោក រ៉ុង ឈុន អះអាងថា ទោះអាជ្ញាធរបានហាមឃាត់ ក៏ក្រុមគ្រូបង្រៀននឹងយកទីលានប្រជាធិបតេយ្យ ដើម្បីរៀបចំពិធីនេះមិនផ្លាស់ប្ដូរទេ៖ «បើសិនជាអាជ្ញាធរ ប្រើប្រាស់នូវរាល់សកម្មភាពទាំងឡាយ ដែលផ្ទុយទៅនឹងការគោរពសិទ្ធិមនុស្ស យើងគិតថា វាជាទង្វើអាក្រក់មកលើគ្រូបង្រៀន។ ហើយដែលមានប្រទេសជាច្រើនគេកំពុងឃ្លាំមើលរាល់សកម្មភាពនៅកម្ពុជា យើង ពីព្រោះយើងដឹងហើយថា សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យជាសមាគមមួយ ជាសមាជិកមួយរបស់អង្គការអប់រំអន្តរជាតិ ដែលមានសមាជិកជាង ៣០លាននាក់»។
ទិវាគ្រូបង្រៀនពិភពលោកឆ្នាំនេះ ក្រោមប្រធានបទ “អំពាវនាវចំពោះគ្រូបង្រៀនទាំងអស់ឲ្យយកចិត្តទុកដាក់ជាគំរូ សម្រាប់គុណភាពអប់រំ”។
ទាក់ទិនបញ្ហានេះ មន្ត្រីអង្គការក្រៅរដ្ឋាភិបាលខ្លះ ក៏បានរិះគន់អាជ្ញាធរសាលារាជធានីភ្នំពេញ ដែលមិនអនុញ្ញាតផ្ដល់ទីលានប្រជាធិបតេយ្យដល់សមាគមគ្រូបង្រៀន រៀបចំទិវាគ្រូបង្រៀនពិភពលោកឆ្នាំនេះ។
លោក អំ សំអាត មន្ត្រីស៊ើបអង្កេតអង្គការលីកាដូ (LICADHO) ថ្លែងថា គ្មានហេតុផលដែលអាជ្ញាធរហាមឃាត់សមាគមគ្រូមិនឲ្យធ្វើពិធីសាទរ ទិវាគ្រូបង្រៀនពិភពលោក នៅទីលានប្រជាធិបតេយ្យនេះទេ។ លោកថា ទីលានប្រជាធិបតេយ្យ រដ្ឋាភិបាលបានបង្កើតទុកសម្រាប់ផ្តល់ជូនអង្គការសមាគមនានា ធ្វើពិធីជួបជុំសម្ដែងមតិផ្សេងៗ។ ប៉ុន្តែ បើទីតាំងនៅទំនេរ អាជ្ញាធរបែរជាមិនផ្តល់ជូនជារឿងចម្លែកមួយ៖ «នៅទូទាំងពិភពលោក ប្រទេសណាក៏គេប្រារព្ធទិវាគ្រូបង្រៀននេះដែរ។ ប៉ុន្តែដោយឡែកនៅកម្ពុជា រដ្ឋាភិបាលលោកជាប់រវល់ជាមួយទឹកជំនន់ ឬបញ្ហាផ្សេងៗ មិនបានប្រារព្ធនូវទិវាគ្រូបង្រៀនពិភពលោកនេះទេ ហើយបើមានប្រជាពលរដ្ឋ អង្គការ សមាគមនានា ប្រារព្ធ វាគួរតែផ្តល់ការលើកទឹកចិត្ត ដើម្បីឲ្យមានការប្រារព្ធពិធីនេះឡើង»។
ក្រុមគ្រូបង្រៀន ឲ្យដឹងថា តាមរយៈទិវាគ្រូបង្រៀនពិភពលោក នឹងឡើងថ្លែងសារអំពាវនាវដល់រាជរដ្ឋាភិបាលជួយដំឡើងប្រាក់បៀវត្ស ជូនគ្រូបង្រៀនឲ្យបាន ១លានរៀលក្នុង១ខែ។
គ្រូបង្រៀនតាមខេត្តមួយចំនួន បានអះអាងថា នឹងមកចូលរួមប្រារព្ធទិវានេះតាមការអំពាវនាវរបស់មេដឹកនាំសមាគម គ្រូបង្រៀន នៅព្រឹកថ្ងៃទី១៣ ខែតុលា ទោះអាជ្ញាធររារាំងក្តី។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទង លោក ខៀវ សុភ័គ មន្ត្រីនាំពាក្យក្រសួងមហាផ្ទៃ ដើម្បីបំភ្លឺជុំវិញការប្រារព្ធទិវាគ្រូបង្រៀនពិភពលោក របស់សមាគមគ្រូបង្រៀននេះបានទេតាមទូរស័ព្ទ។
ប៉ុន្តែ លោក ឡុង ឌីម៉ង់ មន្ត្រីនាំពាក្យសាលារាជធានីភ្នំពេញ បានឲ្យដឹងនៅថ្ងៃទី១០ ខែតុលា ថា អាជ្ញាធរមិនអាចផ្តល់ជូនទីលានប្រជាធិបតេយ្យជូនគ្រូបង្រៀនប្រារព្ធ ទិវាគ្រូបង្រៀនពិភពលោកទេ នៅថ្ងៃទី១៣ ខែតុលា។ ប៉ុន្តែបានអនុញ្ញាតឲ្យធ្វើពិធីនេះនៅទីស្នាក់ការ ឬទីតាំងឯកជនណាមួយជំនួសវិញ៖ «ការដែលយើងមិនអនុញ្ញាត គឺទី១ ទិវាគ្រូបង្រៀនពិភពលោកវាមិនមែនជាទិវាសម្រាប់តែសមាគម លោក រ៉ុង ឈុន មួយនោះទេ គឺជាទិវាគ្រូបង្រៀនអន្តរជាតិ។ មានន័យថា ទិវានេះនឹងមានការគោរពតាមអង្គការ ឬស្ថាប័ននានា ក៏ដូចជារាជរដ្ឋាភិបាលជាដើម ក៏គេអាចគោរពទិវានេះបានដូចគ្នាដែរ។ ដូច្នេះ វាមិនមែនជាការគោរពផ្តាច់មុខរបស់គាត់ ដែលគាត់ត្រូវធ្វើការហែក្បួនតាមទីសាធារណៈអ៊ីចឹងទេ។ ដូច្នេះ មូលហេតុដែលយើងមិនអនុញ្ញាត គឺអ៊ីចឹង»។
លោក រ៉ុង ឈុន ឲ្យដឹងថា តាមគម្រោង ទិវាគ្រូបង្រៀនពិភពលោក អាចមានក្រុមគ្រូបង្រៀន កម្មករ និងសិស្សនិស្សិតយ៉ាងតិច ៦០០នាក់ចូលរួម ហើយថា ការប្រារព្ធទិវាគ្រូបង្រៀនពិភពលោកឆ្នាំនេះ ក៏នឹងមានហែក្បួនចេញពីទីលានប្រជាធិបតេយ្យ ដើម្បីដាក់ញត្តិជូនក្រសួងអប់រំ យុវជន និងកីឡា រដ្ឋសភាជាតិ និងខុទ្ទកាល័យនាយករដ្ឋមន្ត្រីថែមទៀត។
លោកឲ្យដឹងថា ខ្លឹមសារក្នុងញត្តិ ក្រុមគ្រូបង្រៀនបានទាមទារឲ្យរាជរដ្ឋាភិបាលកម្ពុជា ជួយដំឡើងប្រាក់បៀវត្សអប្បបរមា ១លានរៀលក្នុង១ខែ ផ្តល់សិទ្ធិសេរីភាពជូនគ្រូបង្រៀន និងបញ្ឈប់ការរើសអើងគ្រូបង្រៀន និងត្រូវវិនិយោគលើគ្រូបង្រៀនចាប់ពីពេលនេះតទៅ ដើម្បីលើកកម្ពស់គុណភាពអប់រំ៕
ប្រភពពី វិទ្យុអាស៊ីសេរី