តារាសម្ដែងស្រី ច័ន្ទ សុធារត្ន័ មានផ្ទៃពោះ ៥ខែ ជាមួយប្ដីជាអ្នកជំនួញធំ ប៉ុន្ដែអ្នកទាំងពីរនៅមិនទាន់រៀបអាពាហ៍ពិពាហ៍នៅឡើយ។ ការមានផ្ទៃពោះនេះ នាងនិយាយថា ដើម្បីបំពេញបំណងប្ដី។
បច្ចុប្បន្ននាងមានផ្ទៃពោះជាង៥ខែមកហើយ ដោយកូនក្នុងផ្ទៃរបស់នាងនោះ គឺជាកូនស្រី។ នាងលើកឡើងថា ប្ដីរបស់នាងចេះតែអង្វរចង់ឲ្យនាងបង្កើតកូនឲ្យ ដោយលើកហេតុផលថា មានវ័យកានតែច្រើន ចង់បានកូនមកប្រលែងលេងដូចគេ ព្រោះតែចង់បំពេញបំណងប្ដីនាងក៏យល់ព្រមតែម្ដងទៅ។ ប្ដីរបស់នាងចង់បានកូនស្រី នៅពេលដែលនាងពពោះកូនស្រីបែបនេះ ប្ដីរបស់នាងសប្បាយចិត្តខ្លាំងណាស់ ហើយចាប់តាំងពីនាងពពោះមកប្ដីនាងថ្នម មិនឲ្យនាងធ្វើអ្វីនោះទេ។ សុធារត្ន័ បានចាត់ទុកថា កូនស្រីដែលនាងកំពុងមាននេះ គឺជាអ្នកនាំសំណាងមកឲ្យនាង ព្រោះនឹងធ្វើឲ្យចំណងស្នេហ៍របស់នាងជាមួយអ្នកជំនួញនេះ កាន់តែរឹងមាំថែមទៀត។ សម្ដែងដែលកំពុងតែធ្វើថៅកែស្រីហាងម៉ាស្សារូបនេះបានទទួលស្គាល់ថា នាងពិតជាទុំមុនស្រគាលពិតមែន ប៉ុន្តែរឿងបែបនេះនាងគិតថា នៅក្នុងចង្កោមអ្នកសិល្បៈក៏ដូចជានៅក្នុងសង្គមបច្ចុប្បន្នមិនមែនមាន តែនាងនោះទេ។ នៅពេលដែលសួរថា ចុះបើនាងរស់នៅជាមួយគ្នា ហើយថែមទាំងមានកូនថែមទៀត តើលុបគម្រោងរៀបអាពាហ៍ពិពាហ៍ហើយមែនទេ? សុធារត្ន័ប្រាប់ថា មិនបោះបង់ចោលនោះទេ គឺនាងនៅតែធ្វើ ហើយនិងធ្វើឲ្យធំទៀតផង ប៉ុន្តែនាងរង់ចាំកូននាងធំ និងអាជីវកម្មនាងដំណើរការល្អសិន៕