ខេត្តកំពង់ឆ្នាំង ៖ រថយន្តក្រុង​របស់​​ក្រុម​ហ៊ុន កា​​ពី​​តូ​ល មួយ​គ្រឿង បាន​​បុក​​ម៉ូ​តូ​​ឆ្លង​កាត់​​ថ្នល់ ក្នុង​ទិស​ដៅ​​ស្រប​គ្នា កាល​ពី​​វេ​លា​​ម៉ោង ៥​និង​​២០ នា​ទី​​ល្ងាច​​ថ្ងៃ​ទី​​០៤ ខែ​តុលា ឆ្នាំ​​២០១៣ នៅ​លើ​​ផ្លូវ​ជាតិ​​លេខ​​៥ ចំ​ណុច​​គី​ឡូ​ម៉ែត្រ​​លេខ ១០៤​និង​១០៥ ចំណុច​ភូមិ​ថ្មកែវ ឃុំ​ស្វាយជ្រុំ ស្រុក​រលាប្អៀរ បណ្តាល​ឲ្យ​នារី​វ័យក្មេង​ម្នាក់ បាន​ស្លាប់​ភ្លាមៗ នៅនឹងកន្លែង​កើតហេតុ និង​ម្នាក់ទៀត​រងរបួស​ធ្ងន់​។​ ​
ជនរងគ្រោះ​ឈ្មោះ សាន ចាន់​រ៉ា ភេទ​ស្រី អាយុ ១៩ ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រាល ឃុំ​បន្ទាយ​ព្រាល ស្រុក​រលាប្អៀរ បាន​បើក​ម៉ូតូ​ម៉ាក​ឌ្រី​ម ពាក់​ស្លាក​លេខ កំពង់ឆ្នាំង 1B-9592 ឌុប​នារី​ម្នាក់ទៀត​ឈ្មោះ ជន រដ្ឋា អាយុ ២១ ឆ្នាំ មាន​ទីលំនៅ​ជាមួយគ្នា ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ បាន​បត់​ឆ្វេង​ឆ្លងថ្នល់ កាត់មុខ​រថយន្តក្រុង ពាក់​ស្លាក​លេខ ភ្នំពេញ 2A-2629 ក្នុងទិសដៅ​ស្របគ្នា បណ្តាលអោយ​រថយន្តក្រុង ជាន់​ហ្វ្រាំង​មិនទាន់​ក៏​ជ្រុល ទៅបុក​យ៉ាង​ពេញទំហឹង​តែម្តង​។
​ក្រោយពេល​កើតហេតុ ជនរងគ្រោះ​ដែល​រងរបួស​ធ្ងន់ ត្រូវបាន​សមត្ថកិច្ច ដឹក​មកកាន់​មន្ទីរពេទ្យ​ខេត្ត ចំណែក ស្ត្រី​វ័យក្មេង​ដែល​ស្លាប់ ត្រូវបាន​ក្រុមគ្រួសារ ដឹកបញ្ជូន​ទៅកាន់​លំនៅឋាន ដើម្បី​ធ្វើបុណ្យ តាម​ប្រពៃណី​។ ដោយឡែក​អ្នកបើកបរ រថយន្តក្រុង​បាន​ចត​រថយន្ត ទុកចោល​នៅ​កន្លែងកើតហេតុ ហើយ​បាន​ចុះ​រត់​គេចខ្លួនបាត់ រីឯ​អ្នកធ្វើដំណើរ ត្រូវបាន​រថយន្តក្រុង មួយគ្រឿង​ទៀត​មក​ទទួល​៕ ​
Wat-071012
ដកស្រង់ពី : ve-news.com
 
Top